នេះគឺជាសមត្ថភាពពិត និងគួរអោយសរសើរនូវភាពក្លាហានរបស់ប្អូនប្រុស ដែលអាចនិយាយបានថា នេះគឺជាទេពកោសល្យពីកំណើតពិតៗ ដែលកម្រមាន។ សម្ដីចាក់ទឹកមិនលេច របស់ប្អូន បានធ្វើអោយទស្សនិកជនដែលកំពុងទស្សនានៅទីនោះផ្ទាល់ សើចមិនចេះរីងស្ងួត សើចៗៗ!! សើចស្ទើរទប់ទឹកភ្នែកមិនបាន ប៉ុន្តែចុងក្រោយ ការជ្រើសរើសរបស់ប្អូនប្រុស ពេជ្យ ថៃ គឺលោក ព្រាប សុវត្តិ ដែលជាតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម រស្មីហង្សមាស មកធ្វើជាគ្រូបង្ហាត់ប្អូននៅលើវិស័យសិល្បៈមួយនេះ។
ក្រោយពីមានភាពល្បីល្បាញនិងលេចធ្លោក្នុងកម្មវិធីប្រលងចម្រៀងកុមារនៅក្នុងប្រទេសកម្ពុជាលើកទី១ទើបតែថ្មីៗនេះ យើងបានទទួលដំណឹងមួយថា កុមារាកម្ពុជា ពេជ្រ ថៃ ត្រូវបានជាប់ជាជម្រើសកុមារដ៏មានប្រជាប្រិយភាពបំផុតម្នាក់ក្នុងកម្មវិធី The Voice Global ដោយក្នុងចំណោមនោះក៏មានកុមារៗនានាមកពីជុំវិញពិភពលោក ៤ នាក់ទៀតផងដែរ ។ នេះបង្ហាញអោយពិភពលោកឃើញពីសមត្ថភាព និងភាពរុសរាយរាក់ទាក់របស់កុមារកម្ពុជាទៅកាន់ពិភពលោក ហើយក៏ជាមោទនភាពដែលកម្ពុជាបានក្លាយជាសមាជិករបស់កម្មវិធី The Voice Kids ដែលមានប្រទេសយ៉ាងតិច៥០ ជុំវិញពិភពលោកបានទិញសិទ្ធិដើម្បីដំណើរការកម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះ។
ជាការពិត បើផ្អែកតាមទំព័រហ្វេសប៊ុក និង ទំព័រ You Tube ផ្លូវការរបស់ The Voice Global បានបង្ហាញថា វីដេអូកុមារាកម្ពុជា ពេជ្រ ថៃ ដែលបង្ហាញសមត្ថភាពកាលពីពេលកន្លងទៅនោះ ត្រូវបានកម្មវិធីនេះដក់ស្រង់ និង ចាត់ចូលជាប់ជាជម្រើសវីដេអូដែលទទួលបានប្រជាប្រិយភាពបំផុតមួយក្នុងចំណោវីដេអូ ៤ ផ្សេងទៀតរបស់កុមារនៃបណ្តាប្រទេសនានា ក្នុងវគ្គ The Blind Audition ។ កុមារទាំង ៥ នាក់ ដែលកម្មវិធីនេះចាត់ចូលរួមមាន កុមារពីប្រទេស កម្ពុជា ថៃ ហ្វ៊ីលីពីន អាល្លឺម៉ង់ និង ឥណ្ឌា ។
តោះ ! ទៅទស្សនាវីដេអូនោះទាំងអស់គ្នា និង សូមចូលរួមអបអរសាទរដល់កុមារាកម្ពុជា ពេជ្រ ថៃ ផងដែរ !











