ភ្នំពេញ ៖ តារាសម្តែងស្រីធ្មេញជំទើស ជាប់ងារជារាជិនីក្រមា កញ្ញា មាន សូនីតា ជារឿយៗ មិនត្រូវបានមហាជនធ្លាប់ឃើញនាងជ្រើសយកការស្លៀកពាក់សិចស៊ីខើចខ្លីសម្ញែងសាច់ខ្ចី ដោយបើកចំហឲ្យមហាជនបានឃើញជាសាធារណៈឡើយ ពោល គឺភាគច្រើន កញ្ញា មាន សូនីតា ច្រើនគ្រងឈុតសំលៀកបំពាក់បែបស្រគត់ស្រគំបែបនារីខ្មែរ។ ប៉ុន្តែស្រាប់តែថ្មីៗកន្លងមកនេះ នាងផ្តើមចិត្តសឿងក្លាហានហ៊ានស្លៀកពាក់សិចស៊ីសម្ញែងសាច់ខ្ចី ទម្លាយឲ្យមហាជនបានឃើញស្ទើរគ្រប់គ្នា។
បន្ទាប់ពីមានការទម្លាយរូបភាពស៊ិចស៊ី ពីសំណាក់តារាស្រីសាច់សម៉ត់រលោង កញ្ញា មាន សូនីតា នេះដែរ នាពេលកន្លងមកនោះ ក៏ផ្តើមកើតមានការរិះគន់ជាអន្លើៗ ជុំវិញករណីស្លៀកពាក់បែបនារីអឺរ៉ុប។ មិនតែប៉ុណ្ណោះ មានមហាជនខ្លះក៏បានគិតថា ការស្លៀកពាក់សិចស៊ីខើចខ្លីរបស់កញ្ញា មាន សូនីតា បានធ្វើឲ្យធ្លាក់តម្លៃនារីខ្មែរទៀតផង។
ទន្ទឹមគ្នានៃការរិះគន់ពីមហាជននេះដែរ តារាស្រី និងជារាជិនីក្រមា កញ្ញា មាន សូនីតា បានលើកជាសំណួរចំពោះខ្លួនឯងថា«នាង» ហេតុអ្វីបានជានាងត្រូវបានគេស្តីបន្ទោសបើគ្រាន់តែនាងស្លៀកពាក់បញ្ចេញសាច់តិចតួចដែលពេលខ្លះគេហៅថា «ស៊ិចស៊ី» ? ភាពស៊ិចស៊ីជាកំហុស? ភាពស៊ិចស៊ីធ្វើអោយខូចតម្លៃនាង ? ហេតុអ្វីបានជានាងពិបាកម្ល៉េះបើរូបរាងកាយហ្នឹងជារបស់នាងសោះ?។
តារាស្រីមានប្រជាប្រិយភាព កញ្ញា មាន សូនីតា បានបន្ថែមថា នាងអើយ អើយនាង …!គេថានាងតូច គេថានាងខ្សោយគេថានាងមិនគួរធ្វើនេះមិនគួរធ្វើនោះ។ កាលណានាងមានសេរីភាពធម្មតាទៅ ? នាងអើយ ។ HER Why women got judged by the way she dress? Why she got all the blames when it’s her body?។
កញ្ញា មាន សូនីតា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មិនអាចភ្ជាប់ការទាក់ទង ដើម្បីសួរនាំបន្ថែមបាននៅឡើយទេ ព្រោះលេខទូរស័ព្ទរបស់នាងធ្លាប់ប្រើត្រូវបានបិទ។ ដោយឡែក បើតាមការកត់សម្គាល់សម្រាប់តារាសិល្បៈខ្មែរនាពេលបច្ចុប្បន្ន ដែលនិយមជ្រើសយកការស្លៀកពាក់សិចស៊ីសម្ញែងសាច់ខ្ចីនេះ ពុំមែនទើបកើតមានតែចំពោះតារាសម្តែងស្រី កញ្ញា មាន សូនីតា ម្នាក់នោះទេ ពោល គឺមានច្រើននាក់មកហើយ ខណៈការរិះគន់ជាច្រើនក៏តែងធ្លាប់កើតមានលើតារាប្រុស-ស្រីទាំងនោះ រហូតមានការព្រមានពីក្រសួងផងដែរ៕





